លោក ឱម យ៉ិនទៀង ប្រធាន ACU បកអាក្រាតពីល្បិច លោកឧកញ៉ា សុខ ប៊ុន​ និងបក្ខពួក៥នាក់…​

0
148

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU បានបញ្ជាក់ថា៖ «ខ្ញុំសូមដាក់ចំណងជើងការងារដែលយើងនិយាយនៅថ្ងៃនេះបន្តិចថា ឧកញ៉ា សុខ ប៊ុន ឈ្លោះជាមួយប្រជាពលរដ្ឋទាំង ៤២គ្រួសារ អំពីថាគាត់មានដី ៥២៥ រីឯប្រជាជនប្រកែកហើយប្រកែកទៀតថា លោកឧកញ៉ា សុខ ប៊ុន មានតែ៥ហិកតាទេ នៅសល់ប៉ុន្មាន គឺរបស់ប្រជាពលរដ្ឋ ៤២គ្រួសារ នៅពេល៤២ អត់មានដី សុខ ប៊ុន អត់មានដី នាំគ្នាឈ្លោះគ្នាទៅ សុខ ប៊ុន បាន៥ហិកតា ហើយបន្តិចទៀត សុខ ប៊ុន ធ្វើជាចាញ់ប្រជាជន ដើម្បីទទួលបានដីចំនួន ៥ហិកតា ហើយនៅសល់ប៉ុន្មានទុកឱ្យប្រជាជន»។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាងបែបនេះ​ ក្នុងឱកាសដែលោកបានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនឧកញ៉ា ស៊ុខ ប៊ុន និងមន្ដ្រីអាជ្ញាធរកោះរ៉ុងចំនួន ៥នាក់ទៀត​ នៅអង្គភាព ACU​ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។​

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ប្រជាពលរដ្ឋទាំង ៤២គ្រួសារ រួមទាំងលោក សុខ ប៊ុន បានយកឯកសារក្លែងក្លាយនេះ មកប្រើប្រាស់ទាំងអស់ ដើម្បីទទួលបានដីដែលពួកគេបានទាមទារ។ ដូច្នេះករណីល្បិចខិលខូចរបស់លោកឧកញ៉ា សុខ ប៊ុន នឹងធ្វើឱ្យរដ្ឋបាត់បង់ដីចំនួន ៥២៥ហិកតា នៅលើល្បិចមួយនេះ ត្រង់ករណីនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា លោកឧកញ៉ា សុខ ប៊ុន និងប្រជាពលរដ្ឋទាំង ៤២គ្រួសារ មិនមានដីសូម្បីតែមួយហិកតានោះទេ។

សូមបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត​ ត្រូវបាន​ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕​