តុលាការខេត្តកំពង់ឆ្នាំ ម៉េចស្ងាត់​ឈឹង?​ លោកស្នងការរងនគរបាល​ ខេត្តកំពង់ឆ្នាំង​ ឈូសឆាយរំលោភ​យកដីព្រៃលិចទឹករបស់រដ្ឋ ជិត១​ពាន់​ហិចតា!

0
161

កំពង់ឆ្នាំង៖​ តុលាការខេត្តកំពង់ឆ្នាំង​ ដែលកំពុងដំណើរការរឿងក្ដី​ របស់​ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ​ ស្នងការរងនគរបាល​ ខេត្តកំពង់ឆ្នាំង​ ដែលត្រូវបានប្រជាពលរដ្ឋ​ ក៏ដូចជាមហាជន​ និងមន្ត្រីមូលដ្ឋាន​ ប្ដឹងពីបទឈូសឆាយរំលោភយកដីព្រៃលិចទឹករបស់រដ្ឋ​ ជិត១ពាន់ហិចតា​ នោះ​ ស្រាប់តែជាង២ខែ​ មកនេះ​ ​ស្ងាត់ឈឹង ដូចជាត្រូវដងត្រូវផ្លែគ្នាយ៉ាងម៉េចទេ?​ ឥរិយាបថបែបនេះរបស់តុលាការ​ ធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចមហាជនអស់សង្ឃឹមខ្លាំងណាស់។​

ទាក់ទិនរឿងអាស្រូវនេះ​ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកពាក់ព័ន្ធក្នុងករណីរំលោភយកដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ឃុំច្រណូក ស្រុកកំពង់លែង នេះ ត្រូវបានលោកព្រះរាជអាជ្ញា កោះហៅមនុស្សពាក់ព័ន្ធ មកសាកសួរជាបន្តបន្ទាប់។ ដោយឡែក លោក ស៊ុម​ សុជាតិ ត្រូវបានលោកព្រះរាជអាជ្ញា កោះហៅមកសាកសួរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ។ ក្រោយពីសាកសួរអ្នកពាក់ព័ន្ធចប់សព្វគ្រប់ទៅតាមនិតិវិធីហើយនោះ លោកព្រះរាជអាជ្ញា បានបញ្ជូនសំណុំរឿងនេះ​ ទៅកាន់ចៅក្រមសើបសួរដើម្បីបន្តនិតិវិធី។ ប៉ុន្តែមកដល់ពេលនេះ ជាង២ខែហើយ​ រឿងនេះបែរជាស្អាត់ទៅវិញ​ ដែលជាប្រការមួយធ្វើឱ្យមហាជនងឿងឆ្ងល់ខ្លាំងណាស់។​

ចំណែកមន្ត្រីសាលាស្រុកកំពង់លែងមួយរូប ដែលសុំមិនឲ្យបញ្ចញឈ្មោះ​ បានឲ្យដឹងថា បច្ចុប្បន្នលោក ស៊ុម សុជាតិ ដែលជាស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង កំពុងកាន់កាប់ដីនៅតំបន់លិចទឹក ក្នុងភូមិសាស្ត្រ តំបន់៣ ឃុំច្រណូក ស្រុកកំពង់លែងនោះ​ មានដល់ទៅ ជិត១ពាន់ហិចតា ក្នុងនោះដីមួយចំនួន ត្រូវបាន លោក ស៊ុម សុជាតិ អះអាងថា​ ទិញពីមន្ត្រីសាលាស្រុកកំពង់លែង មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ មន្ត្រីយោធា ដែលគេអង្កន់ចែកគ្នា កាលពីពេលកន្លងទៅ និងមានផ្ទៃដីមួយចំនួនទៀត ត្រូវបានលោក ស៊ុម​ សុជាតិ ឈូសឆាយរំលោភយកដីព្រៃលិចទឹករបស់រដ្ឋតែម្តង។

សូមបញ្ជាក់ថា​ ស្នងការរងនគរបាល​ ខេត្តកំពង់ឆ្នាំងមួយរូប​ គឺ​ ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ​ ថ្មីៗនេះ​ ត្រូវបានប្រជាពលរដ្ឋ​ មហាជន​ និងមន្ត្រីមូលដ្ឋាន​ ចោទប្រកាន់ថា​ បានឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋនៅចំណុចគោកព្រះតំបន់៣ ស្ថិតក្នុង ឃុំច្រណូក ស្រុកកំពង់លែង​ ជិត១ពាន់ហិចតា ហើយករណីនេះទៀតសោត​ ត្រូវបានគេសង្ស័យថា អាចនឹងមានការគប់គិតគ្នាជាលក្ខណៈប្រព័ន្ធ ទើបការរំលោភឈូសឆាយយកដីព្រៃលិចទឹកជា១ពាន់ហិចតានេះ​បានដោយរលូន គ្មានទើសសិរសានរណាម្នាក់សោះ!!!

​មហាជនគ្រវីក្បាលហួសចិត្តថា​ ហេតុអ្វីបានជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច​ និងសមត្ថកិច្ចជំនាញ​ បណ្ដែតបណ្ដោយឱ្យមន្ត្រីអសកម្មមួយរូបនេះ រំលោភបំពានយកដីរព្រៃលិចទឹករបស់រដ្ឋ​ធ្វើជាកម្មសិទ្ធិបែបនេះ​? បើតែយ៉ាងនេះ នឹងមានមន្ត្រីខូចៗ​ជាច្រើនទៀត​ ច្បាស់ជានាំគ្នាទៅរំលោភយកថែមទៀតជាច្រើនពាន់ហិចតាជាពុំខាន។​ គេឆ្ងល់ណាស់ថា​ នៅពេលដំបូងៗ ដែលលោកឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ដាក់គ្រឿងចក្រឈូសឆាយនោះ​ សមត្ថកិច្ចម៉េចមិនទៅបង្ក្រាប ឬចាត់ការតាមនីតិវិធី? មកដល់ពេលនេះ គឺថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០១៩​ ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ មិនតិចជាង១ពាន់ហិចតានោះទេ។​

មន្ត្រីស្លូតត្រង់បាននិយាយថា​ កន្លងមក​ គេបានឃើញ​ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត , លោក លី ឡា នាយខណ្ឌជលផល ,​ លោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែង​ ធ្លាប់បានចុះទៅត្រួតពិនិត្យ​ និងអង្កេត ធ្វើការហាមឃាត់សកម្មភាពឈូសឆាយនោះជាញឹកញ៉ាប់ផងដែរ​ ប៉ុន្តែគ្មានប្រសិទ្ធភាពសោះ​ …​ ករណីនេះ​ គេមិនដឹងថា​ តើលោកទាំង៣នាក់នេះ​ គ្មានសមត្ថភាពទប់ស្កាត់ ឬក៏ត្រូវដងត្រូវផ្លែជាមួយ​ ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ នោះទេ , ភាពស្ងាត់ជ្រងំបែបនេះ ធ្វើឱ្យមហាជនគិតថា​ ពួកលោកទាំង៣​ ដែលជាសមត្ថកិច្ចជំនាញ​ និងជាអាជ្ញាធរមូលដ្ឋាន​ ច្បាស់ជាទទួលបានផលប្រយោជន៍ពី​ ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ជាពុំខាន​​ ទើបបានជាបុគ្គលមានអំណាចរូបនេះ​ ឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិហើយ​ លោកទាំង៣នៅតែត្រជាក់មេ​ ត្រជាក់កូនបេបនេះ​ ហាស​ ..​.​ ហាស ។

លោក លី ឡា មន្ត្រីជំនាញជលផល​ ខេត្តកំពង់ឆ្នាំង​ ធ្លាប់បានពន្យល់ថា បើជនណាម្នាក់​ រំលោភយកដីព្រៃលិចទឹក​របស់រដ្ឋ នៅតំបន់៣ ​ស្រុកកំពង់លែង ធ្វើជាកម្មសិទ្ធិនោះ​ ទោះជា២០ឆ្នាំក្រោយមក​ ច្បាប់សើរើ​ ក៏មិនទាន់ហួសពេលដែរ! ឬមួយក៏អស់លោក ទុករង់ចាំរយៈពេលឆ្នាំ ទើបចាត់វិធានការ???​

ទោះជាយ៉ាងណា បច្ចុប្បន្ន គេឃើញថា ផ្ទៃដីដែលរំលោភយក​ជិត១ពាន់ហិចតានោះ បានក្លាយទៅជាវាលស្រែដ៏ធំល្វឹងល្វើយរបស់បុគ្គល ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ​ ហើយបានជួលឱ្យប្រជាពលរដ្ឋធ្វើស្រែជារៀងរាល់ឆ្នាំ។

គួររំលឹកថា​ រឿងឈូសឆាយយកដីរដ្ឋនេះ​ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ​ ហ៊ុន​ សែន​ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹងរួចទៅហើយ ឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទប់ស្កាត់​ និងបង្ក្រាបឱ្យខាងតែបាន។​ ឥឡូវនេះ​ រដ្ឋមន្ត្រីក្រសួងកសិកម្ម អគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរខេត្ត គួរតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវឲ្យបានល្អិតល្អន់ តើ​ ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ និងបក្ខពួក ពិតជាឈូសឆាយរំលោភយកដីព្រៃលិចទឹករបស់រដ្ឋ​ នៅចំណុចគោកព្រះស្ថិតក្នុងតំបន់៣ ស្រុកកំពង់លែង​ ជិត១ពាន់ហិចតា​ មែនឬអត់???​

ពេលត្រួតពិនិត្យហើយ​ សូមមេត្តាធ្វើសេចក្ដីប្រកាសរួម​ ឬ ធ្វើសន្និសីទសារព័ត៌មាន​ បង្ហាញសាធារណជនឱ្យជ្រួតជ្រាបផង …​ ហ្នឹងបានជាការត្រឹមត្រូវ ! អត់អាចស្ងាត់ៗនោះទេ។​ ប៉ុន្តែ បើរកឃើញថា​ មានបុគ្គលណាមួយ​ ឬច្រើននាក់​ ពិតជាបានឈូសឆាយរំលោភយកដីព្រៃលិចទឹកខាងលើនេះមែននោះ​ គួរណាស់តែអាជ្ញាធរមានសមត្ថកិច្ច​ ចាត់វិធានការបង្ក្រាប​ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ដើម្បីផ្ដន្ទាទោសតាមច្បាប់។​ ជុំវិញ ករណីនេះ​ iDol  Media  រង់ចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីដោយក្ដីរីករាយ​៕ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​