បិទបញ្ចប់ការរុករកជនរងគ្រោះក្នុងគំនរបាក់បែកនៃអគារ៧ជាន់​ អ្នកស្លាប់ចំនួន២៨នាក់​ អ្នករងរបួសចំនួន២៦នាក់

0
161

ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ​ បិទបញ្ចប់ហើយ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមសង្រ្គោះ​ បានបើកការរុករកអស់រយៈពេល២ថ្ងៃកន្លះ។

ក្រុមសង្រ្គោះបានចេញរបាយការណ៍ថ្មីចុងក្រោយ​ ឱ្យដឹងថា​ ចំនួនជនរងគ្រោះ សរុប ៥៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងអ្នករងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំនួន ២៧នាក់សពហើយ ដោយឡែកសពដែលនៅសល់មួយទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សូមក្រុមគ្រួសារទាក់ទងទៅកាន់​ មន្ទីរពេទ្យបង្អែក​ ខេត្តព្រះសីហនុ​ ដើម្បីទទួលយកសព។​

សូមបញ្ជាក់ថា ការរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ នេះ​ បានកើតឡើងកាលពីព្រឹកព្រហាម​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សរុបអ្នកស្លាប់ដែលត្រូវបានកាយរកឃើញ កើនដល់​ ​ចំនួន២៨នាក់ និងអ្នករបួស២៦នាក់។

បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ថា​ សំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យ សាងសង់ចំនួន២ដងរួចទៅហើយ៕​