ឧកញ៉ា សុខ ប៊ុន ដែលល្បីខាងវ៉ៃស្រីសម្រាតសំពត់​ ឥឡូវត្រូវចាប់បញ្ចូល​គុកបណ្ដោះអាសន្នជាលើកទី២ រួមជាមួយបក្ខពួក៥នាក់​…

0
211

ពេលវេលានៃវាសនាអាក្រក់​ របស់​ លោកឧកញ៉ា សុខ ប៊ុន ដែលល្បីខាងវ៉ៃសម្រាតសំពត់ស្រី​ និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ជាបក្ខពួក​ ពាក់ព័ន្ធក្លែងបន្លំឯកសារសាធារណៈ , រំលោភយកដីដោយខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩​ ត្រូវបាន​ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួន។  

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភយកដីដោយខុសច្បាប់ ដោយក្នុងនោះ​ មាន «ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។ 

ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់នោះ​ រួមមានទី១-​ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី២-​ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង, ទី៣-​ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង, ទី៤-​ ឈ្មោះ កែ សោម ជំទប់ទី២នៃសង្កាត់កោះរ៉ុង, ទី៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង, និងទី៦-​ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប៕