សមាគមសិល្បៈជប៉ុន-កម្ពុជា នវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា

0
153

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា តាមរយៈការរៀបចំកម្មវិធីប្រគំតន្ដ្រី Catch a Cambodian Star 2019 របស់សមាគមសិល្បៈជប៉ុន-កម្ពុជា នៅផ្សារទំនើបអ៊ីអនសែនសុខ អ្នកជំនាញសិល្បៈតន្ដ្រីជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា ក្រោយមានសិស្ស-និស្សិតជាច្រើន បានចាប់អារម្មណ៍ និងចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍មួយនេះ។

អ្នកស្រី អ៊ីកិដា ហ៊ិសាកុ ប្រធានសមាគមសិល្បៈជប៉ុនកម្ពុជា បានឲ្យដឹងថា កម្មវិធី Catch a Cambodian Star 2019 បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញអ្នកចូលរួមជាង ២៥០នាក់ ហើយភាគច្រើនជាប្រជាពលរដ្ឋខ្មែរ។ អ្នកស្រីបានចាត់ទុកនេះគឺជាជោគជ័យ ហើយក៏ជាសញ្ញាណវិជ្ជមាន ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនផ្នែកសិល្បៈតន្ដ្រីកម្ពុជាផងដែរ។

គ្រូបង្រៀនភ្លេងនៃសាលាវិចិត្រសិល្បៈរូបនេះ បានបញ្ជាក់ថា «ពីមុនអត់សូវមានអ្នកចូលចិត្តស្ដាប់តន្ដ្រីទេ គេថាដូចសំឡេងខ្មោច ប៉ុន្ដែរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ កូនខ្មែរបានសប្បាយចិត្ត និងរីករាយជាមួយការស្ដាប់តន្ដ្រី ហើយខ្ញុំពិតជារីករាយមែនទែន ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលរួមស្ដាប់ការប្រគំតន្ដ្រី និងការច្រៀងដោយផ្ទាល់របស់អតីតបវរកញ្ញាជប៉ុន Satomi»។

ទន្ទឹមជាមួយគ្នា អតីតបវរកញ្ញាជប៉ុន ឆ្នាំ១៩៩៩ Satomi Ogawa ក៏បានបង្ហាញការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើនរបស់សិស្ស-និស្សិតរៀនតន្ដ្រីនៅកម្ពុជាផងដែរ។ នាងបន្ដថា «រយៈពេល ៦ឆ្នាំ បន្ទាប់ពីខ្ញុំមកកម្ពុជា ខ្ញុំឃើញមានការប្រែប្រួលខ្លាំង ពិសេសម្សិលមិញ (ថ្ងៃចន្ទ) ខ្ញុំបានទៅសាលាវិចិត្រសិល្បៈ បើប្រៀបធៀប ២ឆ្នាំមុន មានការប្រែប្រួលខ្លាំង ព្រោះធម្មតាតន្ដ្រីពឹងលើត្រចៀក ហើយសិស្សភាគច្រើនគាត់មានសមត្ថភាពអាចធ្វើបានយ៉ាងល្អ»។

ការប្រគំតន្ដ្រី Catch a Cambodian Star 2019 មានបំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថិរភាពសង្គម តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិជប៉ុន និងកម្ពុជា។ កម្មវិធីនេះ បានធ្វើឡើងដំបូងក្នុងឆ្នាំ២០១៣ ហើយក៏ជាកម្មវិធីប្រកួតប្រជែងអាហារូបករណ៍តន្ត្រី ដើម្បីស្វែងរកតន្ត្រីករឆ្នើមកម្ពុជា ហើយធ្វើការគាំទ្រ និងអប់រំបណ្តុះបណ្តាលបន្ថែម ហើយអ្នកឈ្នះ អាចទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឈានទៅដល់កម្រិតស្តង់ដារអន្ដរជាតិទៀតផង៕