បឹងតាមោក នឹងត្រូវយកធ្វើជាវារីកីឡដ្ឋាន សម្រាប់ជាទីតាំងធ្វើការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ របស់កីឡាមួយនេះនៅថ្ងៃខាងមុខ

0
8499

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមបញ្ចប់កិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។

លោក មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បឹងតាមោកនឹងត្រូវយកធ្វើជាវារីកីឡដ្ឋាន សម្រាប់ជាទីតាំងធ្វើការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ របស់កីឡាមួយនេះនៅថ្ងៃខាងមុខ និងសម្រាប់ធ្វើជាគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលទស្សនាផងដែរ។

អនុប្រធានអចិន្ដ្រៃយ៍រូបនេះ បានថ្លែងបែបនេះថា «បឹងតាមោក នឹងក្លាយជាវារីកីឡដ្ឋានសម្រាប់ថ្នាក់ជាតិ និងអន្ដរជាតិ ហើយថ្ងៃក្រោយអាចប្រកួត លក្ខណៈអន្ដរជាតិ ទាក់ទាញទេសចរណ៍មកលេងក្នុងស្រុកយើងតាមរយៈការប្រកួតកីឡានេះផងដែរ។ យើងធ្វើកីឡាតែងតែមានមុខព្រួញពីរ ទី១៖អញ្ជើញគេលេងកីឡា និងទី២៖អញ្ជើញគេឲ្យចាយលុយជាទេសចរណ៍»។

យ៉ាងណាក៏ដោយ លោក មាស សារិន បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះកម្ពុជាមានទូកកានូនៅមានកម្រិតនៅឡើយ ហើយការមាននេះ គឺដោយសារតែរដ្ឋាភិបាលជប៉ុនជាអ្នកផ្តល់ប៉ុណ្ណោះ ដូច្នេះដើម្បីឲ្យទូកប្រភេទនេះរីកធំធាត់បន្ថែមទៀតនៅកម្ពុជា លុះត្រាតែសហព័ន្ធមានធនធានគ្រប់គ្រាន់ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

លោកអះអាងទៀតថា កន្លងទៅកម្ពុជាបានទៅប្រកួតកីឡាទូកកានូនេះជាច្រើនលើកច្រើនសារមកហើយ នៅលើឆាកអន្តរជាតិ ប៉ុន្តែពុំដែលទទួលបានមេដាយនោះទេ ដោយសារតែការហ្វឹកហាត់របស់កីឡាខ្មែរ នៅមិនទាន់ដល់កម្រិតនៅឡើយ ហើយលោករំពឹងថា កីឡាទូកកានូនៅកម្ពុជា នឹងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ បន្ទាប់ពីក្រុមការងាររៀបចំ និងកែលម្អបានល្អនោះ។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញដល់ក្រុមការងារ ក៏ដូចជាកីឡាករទាំងអស់ ត្រូវខិតខំ និងផ្តោតសំខាន់លើការអនុម័តលើផែនការយុទ្ធសាស្ត្រ នៃសកម្មភាពកីឡាទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី «ទូកនាគ» ឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ៕