តារាប្រុស រូបសង្ហារ ស៊ូ រតនៈ ក្នុងការប្រឡូកការងារសិល្បៈតាំងពីផ្តើមដំបូង រហូតមកទល់នឹងបច្ចុប្បន្ន អ្នកសិល្បៈមួយចំនួន ល្អតែខាងមុខ និងលួចចាក់ពីក្រោយខ្នង

0
248

ភ្នំពេញ៖ តារាប្រុស រូបសង្ហារ ស៊ូ រតនៈ បានបង្ហើបថា ក្នុងការប្រឡូកការងារសិល្បៈតាំងពីផ្តើមដំបូង រហូតមកទល់នឹងបច្ចុប្បន្ន លោកធ្លាប់បានជួបអ្នកសិល្បៈមួយចំនួន ល្អតែខាងមុខ និងលួចចាក់ពីក្រោយខ្នង។ លោក ស៊ូ រតនៈ ដែលទស្សនិកជនស្គាល់តាមរយៈចូលរួមសម្តែង ខ្សែភាពយន្តភាគខ្មែរជាច្រើនរឿងនោះ ថ្មីៗនេះបានលេចវត្តមានជាលើកដំបូង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» របស់ទូរទស្សន៍ Fresh News។ 

លោក ស៊ូ រតនៈ បន្ទាប់ពីមានការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី ទាក់ទងនឹងរឿងរ៉ាវស្នេហ៍ ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ក៏ដូចជាជីវិតរបស់លោក។ ក្នុងនោះលោក ស៊ូ រតនៈ បានធ្វើការបកស្រាយថា មកទល់នឹងពេលនេះ បេះដូងគឺនៅទំនេរស្អាត ពោលមិនទាន់​មាននរណាម្នាក់ចូលក្នុងជីវិត ដែលអាចយកជាគូស្នេហ៍បានហើយ ចាប់តាំងពីបែកបាក់គ្នាជាមួយនឹងគូស្នេហ៍ដំបូងមក។ ចំពោះរឿងទំនាក់ទំនងវិញ មនុស្សភាគច្រើន ដែលលោកទាក់ទង និងជិតស្និតជាមួយនោះ គឺមិនមែនជាអ្នកក្នុងសិល្បៈទេ គឺមិត្តភ័ក្តធ្វើការផ្សេងៗពីគ្នាធម្មតា។ លោកអះអាងថា អ្នកសិល្បៈមួយចំនួនមានការរាប់អានមិនស្មោះត្រង់ទេ បើនិយាយឲ្យចំទៅរាប់អានតែខាងមុខ តែចាក់ពីក្រោយខ្នង។

និយាយដល់ចំណុចនេះ ស៊ូ​ រតនៈ បានបន្ថែមថា លោកបានរាប់​អានអ្នកសិល្បៈជាច្រើន ប៉ុន្តែក្នុងនោះមានប្រហែល ៣នាក់ បានចាក់លោកពីក្រោយខ្នង តាមរយៈការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និយាយមិនពិតពីលោកទៅប្រាប់អ្នកផ្សេងទាក់ទងនឹងរឿងការងារ ថាលោកមិនសូវគោរពពេលវេលា ទៅថតរឿងជាដើម ខណៈដែលលោកកំពុងរាប់អានសិល្បករទាំង៣រូបនោះ ដោយចិត្តស្មោះ។

តារាសម្តែងប្រុស រាងខ្ពស់ស្រឡះ រូបនេះ បានសង្កត់ធ្ងន់ថា សម្រាប់លោកផ្ទាល់មិនទៅជាបញ្ហាអ្វីធំដុំនោះទេ បើនរណារាប់អានមិនស្មោះ ពេលដឹងការពិតហើយ ក៏ឈប់រៀបរកទៅវិញគឺចប់រឿង ដោយមិនទៅសួរចាក់ឬសគល់វែងឆ្ងាយនោះទេ។ តែយ៉ាងណា បើនរណារួសរាយរាក់ទាក់ និងឲ្យតម្លៃលោក គឺរីករាយក្នុងការរាប់អានត្រឡប់ទៅវិញ។ តែយ៉ាងណា តារាប្រុសរូបនេះថា មានអ្នកសិល្បៈច្រើនណាស់ បានរៀបអានលោកដោយចិត្តស្មោះ ខណៈភាគតិចប៉ុណ្ណោះរាប់អានតែខាងមុខ។

សូមជម្រាថា លោក ស៊ូ រតនៈ គឺជាតារាប្រុសពន្លកថ្មីមួយរូបក្នុងពិភពសិល្បៈសម្តែងភាពយន្ត។ តារាប្រុសរូបនេះ បានចូលសិល្បៈ តាមរយៈការផ្តល់ឱកាសពីសំណាក់ផលិតកម្មក្នុងស្រុកមួយ ជ្រើសរើសលោកមកធ្វើជាតារាសម្តែងក្នុងផលិតកម្ម ហើយក៏មានវត្តមានរហូតមកទល់នឹងពេលនេះ ខណៈស្នាដៃខ្សែភាពយន្តដែលលោកសម្តែងដំបូង គឺរឿង «ទាសីបេះដូង»៕