កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ខែមិថុនា ឆ្នាំ២០១៩នេះ

0
179

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះឱ្យទទួលបានលទ្ធផលល្អប្រសើរនោះ ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី២៨ ដល់ ៣០ខែមិថុនា ឆ្នាំ២០១៩នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣។

ក្នុងកិច្ចប្រជុំនោះបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនមានដូចជា៖ ការបន្ថែមសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក និងការរៀបចំទទួលកីឡាករ កីឡាការិនីហែលទឹកប្រមាណជាង ២០០រូប មកពីបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងកិច្ចប្រជុំម្សិលមិញនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏ជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមយកមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ៕