ស្រុកខ្មែរដល់ប៉ុណ្ណឹងហ្ន៎?​ ស្ត្រីម្នាក់ ក្នុងរឿងវិវាទដីធ្លី ជាមួយ ឧកញ៉ាជាមន្ត្រីយោធា ត្រូវគេដាក់ខ្នោះច្រវាក់យ៉ាងឃោរឃៅ, ឥឡូវលោក វិល្លាម គ័ង កំពុងរកយុត្តិធម៌ !

0
26126

លោក វិល្លាម គ័ង ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកពិគ្រោះ និងផ្ដល់យោបល់ កំពុងធ្វើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទន់ខ្សោយនៃគ្រួសារមួយ ដែលពួកគេជាជនរងគ្រោះក្នុងវិវាទដីធ្លីប្រមាណ១០ឆ្នាំ ហើយត្រូវបានអ្នកមានអំណាចប្លន់ដី និងចាប់គ្នាដាក់គុក២ដង លុះពេលគ្នាឈឺទៅរកពេទ្យព្យាបាល ក៏ដាក់ច្រវាក់ជើងយ៉ាងឃោរឃៅ ប្រៀបដូចគ្នាជាឧក្រិដ្ឋជនស្លាប់មនុស្សរង្គាលយ៉ាងដូច្នោះ។  

ក្នុងរបាយការណ៍របស់ លោក វិល្លាម គ័ង​ ឱ្យដឹងថា​ ស្ត្រីរងគ្រោះដីធ្លីដែលត្រូវបានចាប់ខ្លួនដាក់ខ្នោះនោះ​​ មានឈ្មោះ ចាន់ ហឿ​ រស់នៅ ភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ មកដល់ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ កូនប្រុសរបស់ស្ត្រី ចាន់ ហឿ ក៏បានងើបរើបង្រះឡើង ដោយបានប្ដឹង លោកឧកញ៉ាយោធាម្នាក់ឈ្មោះ លឹម ទាឡេង និងអះអាងថា ឧកញ៉ារូបនេះរំលោភយកដីរបស់គាត់ ហើយប្ដឹងគាត់ចាប់ដាក់គុក ២ដង ព្រមទាំងវាយដំច្រំធាក់ ហើយអំឡុងជាប់គុក មន្ត្រី​អនុវត្តច្បាប់​ បានដាក់ច្រវាក់គាត់ដូចសត្វតិរច្ឆាន កាលពី១០ឆ្នាំមុន។

លោក វិល្លាម គ័ង សរសេរក្នុងវេបសាយរបស់លោកថា ស្ត្រីរងគ្រោះឈ្មោះ ចាន់​ ហឿ បានប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយលោកបានឱ្យក្រុមការងារចុះសិក្សាភ្លាមៗ នឹងទទួលបានតម្រុយ ភស្តុតាង រួមទាំងហេតុផលផ្ទាល់មាត់ ចំពោះករណី អ្នកស្រី ចាន់​ ហឿ ដោយគាត់បានអះអាងថា គាត់មានវិវាទដីធ្លីរ៉ាំរ៉ៃជាមួយឧកញ៉ាមួយរូប ឈានដល់ការចាប់គាត់ដាក់គុកច្រវាក់ រងនូវការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តប្រមាណ ១០ឆ្នាំ គ្មានយុត្តិធម៌។

ក្រុមឧកញ៉ានោះ មានប្រព័ន្ធឃុបឃិតជាមួយមន្ត្រីមានអំណាចថ្នាក់ខេត្ត តែងមកបំផ្លាញដំណាំគាត់ ហើយចោទគាត់ថា ជាអ្នកបំផ្លាញដំណាំរបស់គេទៅវិញ និងចាប់គាត់ដាក់ឃុំខ្លួន។ ឧកញ៉ា លឹម ទាឡេង​ មករំលោភដីគាត់ ហើយបែរជាប្ដឹងគាត់ពីបទមនុស្សឃាត រួចយកគាត់ដាក់គុកយ៉ាងអយុត្តិធម៌, ហើយពេលនេះ​ ពេលកូនប្រុសគាត់ចេញមុខរើបង្រះស្វែងរកយុត្តិធម៌ ក៏ត្រូវខាង ឧកញ៉ា លឹម ទាឡេង ធ្វើបាបតាំងពីម្ដាយដល់កូន។

លោក វិល្លាម គ័ង បញ្ជាក់ថា​ ក្នុងនាមជាមន្ត្រីតាមដានការអនុវត្តច្បាប់ និងមានតួនាទីបញ្ជូនរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន​ សែន​ យើងខ្ញុំនឹងធ្វើតាមតួនាទី ដោយឥតរួញរា ជាពិសេសយើងខ្ញុំនឹងបង្ហាញរាយការណ៍ផ្ទាល់ ចំពោះមុខសម្ដេចតេជោ ក្នុងកិច្ចប្រជុំប្រចាំឆមាស ដើម្បីរកយុត្តិធម៌ជូនភាគីទាំងសងខាង ទោះការអះអាងរបស់លោកឧកញ៉ារូបនេះថា មិនខ្លាចក៏ដោយ។

ករណីនេះ iDol Media រង់ចាំទទួលការបំភ្លឺបកស្រាយដោយរីករាយ ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ជាពិសេសភាគី ឧកញ៉ា លឹម ទាឡេង ដើម្បីតម្លាភាពទាំងសងខាង។ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​