ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ​ ឃុបឃិតឱ្យកូនស្រីបើកប្រាក់ខែរដ្ឋជារៀងរាល់ខែ​ តែគេមិនដែលឃើញចូលធ្វើការនោះទេ !

0
8959

ឧត្ដរមានជ័យ៖ លោក​ ជុំ សំនិត ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានមហាជនរិះគន់ថា កន្ទេលធំបន្លំដេក គឺបានចុះបញ្ជីឈ្មោះកូនស្រីរបស់ខ្លួន ទៅក្នុងក្របខ័ណ្ឌរដ្ឋក្នុងនាមជាមន្ត្រីជាប់កិច្ចសន្យា (ឈ្មោះខ្មោច) សម្រាប់បើកប្រាក់ខែរដ្ឋស៊ីចុកបុកទំពារជារៀងរាល់ខែ តែគេមិនដែលឃើញទៅធ្វើការនោះឡើយ។

ប្រភពពីមន្ត្រីស្មោះត្រង់បង្ហើបថា​ អំពើទុច្ចរិតស្មោកគ្រោក កិបកេងប្រាករដ្ឋរបស់​ លោក ជុំ សំនិត នេះ ត្រូបានបែកធ្លាយនៅថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ហើយត្រូវបានមន្ត្រីក្នុងសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ នាំគ្នានិយាយឡើងហុយដីទ្រលោមថា​ ជាគំរូដ៏អាក្រក់របស់ថ្នាក់ដឹកនាំអង្គភាពពន្ធដារ ដែលថ្នាក់បើបានជាដឹងតាម​រយៈការ​បែកធ្លាយនេះហើយ គួរណាស់ដាក់ការស៊ើបអង្កេត ហើយចាត់ការតាមនីតិវិធីច្បាប់ ព្រោះសកម្មភាពអាស្រូវនេះបានកើតឡើងច្រើនឆ្នាំមកហើយ។

កូនស្រីបង្កើតរបស់ លោក ជុំ សំនិត ដែលកំពុងតែពួនសំងំស៊ីប្រាក់ខែរដ្ឋនោះ មានឈ្មោះ និត មន្នីនាថ ជាមន្រ្តីកិច្ចសន្យានៅក្នុងសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ​ ហើយមន្ត្រីពន្ធដារនៅ​ ខេត្តឧត្ដរមានជ័យភាគច្រើនបានដឹងរឿងនេះ​ ហើយថា នាង និត មន្នីនាថ​ មិនដែលចូលធ្វើការងារនោះទេ , ថាមិនត្រូវ មិនស្គាល់កន្លែងធ្វើការ (តុ អង្គុយ) របស់ខ្លួនទៀតផង ព្រោះនាងរស់នៅឯទីក្រុងភ្នំពេញឯណោះ ហើយធ្វើការងារនៅកន្លែងផ្សេង​…​ ចំពោះរឿងនេះ គេមិនដឹងថា​ តើថ្នាក់លើបានដឹងឬក៏អត់នោះទេ?

មន្ត្រីនិយាយទៀតថា នាង និត មន្នីនាថ បើកប្រាក់ខែជាមន្រ្ដីបណ្ដែតរៀងរាល់ខែហ្នឹង ព្រោះមាន​ លោក ជុំ សំនិត ដែលជាឪពុក ជាអ្នកចុះហត្ថលេខាឱ្យ និងជាអ្នកចុះវត្តមានជំនួសរហូត។ ជំវិញករណីនេះ​ iDol Media ពុំទាន់ទទួលបានការបំភ្លឺពី លោក ជុំ សំនិត ប្រធានសាខាពន្ធដារ​ ខេត្តឧត្ដរមានជ័យ នៅឡើយទេ ព្រោះពិបាកទាក់ទងជួប​ , ទោះជាយ៉ាងណា iDol Media  រង់ចាំការបំភ្លឺបកស្រយពីលោក​ដោយក្ដីរីករាយ។ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​៕